មិត្ត ឬ មិត្រ
មិនពិបាកយល់ទេពាក្យនេះ មនុស្សគ្រប់ៗគ្នាតែងប្រើវាសឹងគ្រប់ពេលព្រោះថានរណាៗក៏ត្រូវការមានមិត្តដែរ។
តើយើងអាចចែកមិត្តជាប៉ុន្មាននិយមន័យ?
មិត្តភ័ក្តិ = មិត្ត + ភ័ក្តិ
គឺសម្លាញ់មានចិត្តស្មោះស្ម័គ្រ មានភក្តីភាពចំពោះគ្នានឹងគ្នា ជួយគ្នាឱ្យមានសេចក្តីសុខ ចម្រុងចម្រើន បបួលគ្នារៀនសូត្រ និងធ្វើអំពើល្អៗ មិនមើលងាយគ្នា ពេលមិត្រក្រ ឬ ជួបនឹងវិបត្តិ។ ស៊ូរួមសុខទុក្ខ រួមស្លាប់ជាមួយគ្នា មិនចោលគ្នានៅគ្រាអាសន្ន មិត្តនេះគឺជាកល្យាណមិត្ត។ មិត្តម៉្យាងទៀតបបួលមិត្តទៅបនស្រី ទៅវង់បៀរ បបួលមិត្តប្រព្រឹត្តអំពើអបាយមុខ ចាក់បាល់ ចាក់កន្ទុយលេខ ស៊ី ផឹក សេពគ្រឿងញៀន ធ្វើចោរលួច ប្លន់ នោះក៏ជាមិត្តដែរ។ គឺបាបមិត្ត។
ចំពោះមិត្តដែលភ័យខ្លាចមិត្តបានល្អ មានសេចក្តីសុខចម្រើនជាងខ្លួន ចង់ឱ្យមិត្តខ្លួនជួបតែក្តីវិនាស និយាយអុជអាលចាក់រុកនាំពាក្យចុះឡើងឱ្យមិត្តមានក្តីក្តៅក្រហាយ ខ្វះក្តីសុខទាំងផ្លូវកាយ ផ្លូវចិត្ត ប្រើកិច្ចឧបាយសព្វបែបយ៉ាងដើម្បីផ្តល់អន្តរាយដល់មិត្តគឺទ្រុស្តមិត្ត។ មិត្តបែបនេះគេខំធ្វើល្អនៅនឹងមុខតែខាងក្រោយខ្នងវិញ គេនឹករកមធ្យោបាយបំផ្លាញមិត្ត។ មិត្តបែបនេះពិបាកចែកឱ្យដាច់ថាគេជាមិត្តឬជាសត្រូវ។
ដូច្នេះមុននឹងសេពគប់គិតនឹងទទួលយកនរណាម្នាក់ជាមិត្ត យើងគួរពិចារណាពីបុគ្គលិកភាពនៃមនុស្សនោះជាមុនសិន។